
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍គណ:កម្មការការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទិសភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ។ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទ នៅតែបន្តកើតឡើងនៅឡេីយដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ រាប់លាននាក់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងពីរគោលដៅ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានប្រគល់ជូន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ដីពីការត្រួតពិនិត្យឡើងវិញ និងមានវិធានការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ និងខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព ហើយដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី ដើម្បីឲ្យផលត្រីសំបូរឡើងវិញនៅក្នុងរដូវវស្សាខាងមុខ នេះក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀត។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី វង្សី វិស្សុត រួមមាន ប្រេងសាំងចំនួន៨០០លីត្រ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភជូនកងកម្លំាងទាំងពីរគោលដៅ សម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡេីយ ។