
(កំពង់ធំ)÷ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់ ប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត ប្រមាណ ១.៦០០ នាក់។ មានវត្តមានអមគណៈអធិបតីរួមមាន ឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការរងគនៈចលនាមហាជន និងជាប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ ព្រមជាមួយឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។
ក្រោយស្តាប់របាយការណ៍ស្វាគមន៍ ការអានសេចក្តីសម្រេចទទួលស្គាលប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈចលនាមហាជនខេត្ត ដែលទទួលការតែងតាំងថ្មីរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនមន្រ្តីគណបក្ស នៃរចនាសម្ព័ន្ធគណៈចលនាមហាជនគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារតាមការដាក់ទិសដៅ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំគណបក្ស និងគណៈចលនាមហាជន ដែលបាននាំឱ្យគណបក្សទទួលបានជោគជ័យលើការបោះឆ្នោតកន្លងមក។ ឯកឧត្តមបានបន្តទៀតថា ការងារមហាជនគឺជាការងារមួយដ៏មានសារៈសំខាន់ ដែលដើរតួនាទីជាសេនាធិការជូនគណៈកម្មាធិការកណ្តាលលើការងារសតិអារម្មណ៍ចលនាមហាជន។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរ ថាបើទោះបីជាឆ្នាំនេះមិនមែនជាឆ្នាំបោះឆ្នោត ក៏ប៉ុន្តែយើងត្រូវមានស្មារតីប្រុងប្រយ័ត្នជាប្រចាំ ជាពិសេសការងារចិញ្ចឹមចលនា និងក្តាប់សភាពការណ៍សតិអារម្មណ៍មហាជនក្នុងមូលដ្ឋានដើម្បីត្រៀមលក្ខណៈពីចម្ងាយដើម្បីធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
សូមជម្រាបថា យោងសេចក្តីសម្រេច ១)ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ត្រូវបានតែងតាំងជាប្រធានគណៈចលនាមហាជន និងប្រធានគណៈចលនាយុវជនខេត្ត។ ២)លោកជំទាវ លំ គន្ធារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ជាប្រធានក្រុមចលនាស្ត្រី ៣)។ លោក អៀង សុភាព សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ជាប្រធានគណៈចលនាសហជីព ៤)។ ឯកឧត្តម អ៊ុក បុត្ត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ជាប្រធានគណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍។