
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសហការី នៃថ្នាក់ដឹកនាំខេត្ត អញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំ និងប្រគល់ភារកិច្ចមួយចំនួន ព្រមទាំងបានឧបត្ថម្ភនៅអង្ករចំនួន ១០តោន អង្រឹងមានមុងសម្រាប់កងទ័ពចំនួន២០០ អង្រឹង ថវិកាចំនួន ១៨,០០០,០០០ រៀល និងប្រេងសាំងចំនួន១,០០០ លីត្រ ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លៃងសន្ទរកថាស្វាគមន៍ និងបានរាយការណ៍ជូនឯកឧត្តម នួន ផារ័ត្ន និងប្រតិភូ អំពីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពិសេសភារកិច្ចរបស់កងកម្លាំងអន្តរាគមន៍ ដែលបច្ចុប្បន្នកំពុងត្រៀមបម្រុង ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារបូរណភាពទឹកដី , ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។
ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ព្រមទាំងត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សាខាងមុខនេះ និងបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលលទ្ធផលល្អបន្ថែមទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្ត នួន ផារ័ត្ន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងទៅ ក៏ដូចជាថ្ងៃនេះ និងបានសូមគោរពជូនពរឯកឧត្តមប្រធាន ព្រមទាំងប្រតិភូទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។