
(កំពង់ធំ)÷ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំអមដំណើរដោយលោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តកំពង់ធំ ជាមួយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន(ក.ប.ប) បានសហការជាមួយមន្ទីរពាណិជ្ជកម្មរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ប៉ូលីសមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារបានចំនួន០២ទីតាំងគឺផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
លោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តកំពង់ធំ បានលើកឡើងថា ការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារបានចំនួន០២ទីតាំងគឺផ្សារកំពង់ធំ និងផ្សារស្ទឹងសែនរួមមាន៖ ១.ផ្សារកំពង់ធំ ពិនិត្យបានចំនួន២៦គំរូ (បូរ៉ាក់)ចំនួន១០គំរូ
(សូដ្យូមអ៊ីដ្រូស៊ុលហ្វីត)ចំនួន០៦គំរូ (សាលីស៊ីលិច អាស៊ីត) ចំនួន០១គំរូ (ហ្វ័រម៉ាលីន)ចំនួន០៤គំរូ.( សំណល់ថ្នាំកសិកម្ម) ចំនួន០៥គំរូ ដែលមាននៅលើបន្លែ ផ្លែឈើ ត្រី សាច់ និងនំចំណីផ្សេងៗ។ ២.ផ្សារស្ទឹងសែនពិនិត្យបានចំនួន២៣គំរូ(បូរ៉ាក់) ចំនួន០៩គំរូ (សូដ្យូមអ៊ីដ្រូសុលហ្វីត)ចំនួន០៦គំរូ (សាលីស៊ីលិចអាស៊ីត)ចំនួន០៤គំរូ (ហ្វ័រម៉ាលីន)ចំនួន០១គំរូ(សំណល់ថ្នាំកសិកម្ម)ចំនួន០៣គំរូ សរុបចំនួន៤៩គំរូ។ ជាលទ្ធផលបានរកឃេីញសំណាកគំរូពពុះសណ្តែកចំនួន០១គំរូ មានសារធាតុគីមីហាមឃាត់បូរ៉ាក់( borax) បានដកហូត និងធ្វេីការណែនាំបញ្ឈប់ការតាំងលក់ផលិតផលដែលមានសារធាតុគីមីហាមឃាត់។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ប្រជាពលរដ្ឋដែលលក់បន្លែ ផ្លែឈើ ត្រីសាច់ នំចំណីផ្សេងៗជាច្រើន ពុំបានគិតពីអនាម័យ និងពុំបានពិនិត្យមើលទៅលើការកំណត់ថ្ងៃខែឆ្នាំនិងការប្រើប្រាស់ថាសារធាតុគីមីទាំងអស់នោះហើយដែលបងប្អូនប្រជាពលរដ្ឋមកទិញយកទៅទទួលទាន និងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបណ្ដាលឱ្យមានជំងឺនៅក្នុងខ្លួនទៀតផង។ ការនាំចូលរបស់របរទាំងអស់នេះហើយ យកមកលក់នៅលើទីផ្សារ មិនបានពិនិត្យនឹងយកចិត្តទុកដាក់ របស់របរមួយចំនួនគឺប្រើប្រាស់ទៅដោយសារធាតុគីមី ដោយចរាចរណ៍នៅលើទីផ្សារដោយសេរី។ សូមបងប្អូនប្រជាពលរដ្ឋអ្នកលក់ទាំងអស់ សូមមេត្តាចូលរួមសហការគ្នាការពារការនាំចូលសម្ភារៈប្រើប្រាស់ និងផលិតផលផ្សេងៗប្រសិនបើមានសកម្មភាពអ្វីមួយមិនល្អ សង្ស័យរបស់នោះខូចគុណភាព កុំដាក់លក់នៅលើទីផ្សារឱ្យសោះ វានឹងប៉ះពាល់ទៅដល់សុខភាពមនុស្សដែលយកទៅបរិភោគនិងប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា(ផ្សារកំពង់ធំ និងផ្សារស្ទឹងសែន) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំមាន(តូបលក់បន្លែ ផ្លែឈើ សាច់គោសាច់ជ្រូក ចាប់ភួយ ម៉ាត នំកញ្ចប់ គ្រឿងកំប៉ុង ប្រហិត ផ្អក ប្រហុក ត្រីប្រៃ ជ្រក់ផ្សេងៗ គ្រឿងសមុទ្រ និងចំណីអាហារបង្អែមជាដើម)។