
(ខេត្តកំពង់ធំ)៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ញុឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ មានរៀបវារៈ៤សំខាន់ៗ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រចពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំទី២ (២០២៥-២០២៦)
៤- បញ្ហាផ្សេងៗ
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ដៀប ពីរី ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍ លើលទ្ធផលរបស់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមទទួលបានប្រសិទ្ធភាព និងជាពិសេសទទួលបានការសាទរ ពីប្រជាពលរដ្ឋ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សា ជំរុញដល់មន្រ្តីទទួលបន្ទុកធ្វើរបាយការណ៍ ត្រូវត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធ និងតួលេខលើរបាយការណ៍ឱ្យបានត្រឹមត្រូវ មានលក្ខណៈពេញលេញ ដើម្បីរក្សាទុកចងក្រងជាឯកសារ។
ជាមួយគ្នានោះ លោក ញ៉ឹក បានខេង បានទទួលយកការកោតសរសើរពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សា និងណែនាំបន្ថែមដល់សមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។