
(កំពង់ធំ)÷ លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះលោក ឃន ចាន់ថៃ បានលើកទឹកចិត្តដល់គ្រួសារភៀសសឹក និងពលករដែលតែងតែធ្វើការនៅស្រុកក្រៅ សូមងាកមកធ្វើការនៅក្នុងមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ កម្មករ នឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុក ជាជាងធ្វើការងារនៅប្រទេសថៃ ដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។
ជាមួយគ្នានេះផងដែរលោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ និងសូមមានការជឿជាក់លើ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែលើកទឹកចិត្ត និងចែកអំណោយដល់ភៀសសឹកគ្រប់ពេលវេលា ទីណាមានទុក្ខលំបាកទីនោះមានសម្តចទាំង២ គិតគូរដល់មូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ។