
(កំពង់ធំ)÷ នៅសាលប្រជុំ TVET ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានដឹកនាំវេទិការសារធាណៈ ដើម្បីជំនួបធុរកិច្ច រវាងអ្នកទិញលក់គ្រាប់ស្វាយចន្ទី និងផលិតផលសម្រេច ដែលបានរៀបចំដោយសមាគមស្វាយចន្ទីកម្ពុជា (សសក)នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អស់រយៈពេល១ថ្ងៃពេញ។
កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមមានឯកឧត្តមតំណាង អនុប្រធានក.ស វ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ លោក លោកស្រីតំណាងក្រុមការងារស្វាយចន្ទីសម្តេចធិបតី តំណាងសហគមន៍កសិកម្មទាំង៤៥ មកពី៤ខេត្ត៖ ក្រចេះ ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ តំណាងក្រុមហ៊ុនសហគ្រាសទាំង១៦ តំណាងក្រុមហ៊ុនជប៉ុន បារាំង ក្រុមហ៊ុនអាមេរិក ចិន អាល្លឺម៉ង់ និងក្រុមហ៊ុនម៉ុងហ្គោលី តំណាងដៃគូ EU-GERMAN Capsafe, HEKS, ASCEP, WCS, Oxfam, Pearl-FAO ស្ថាប័នហិរញ្ញវត្ថុទៅចូលរួមជាមួយផងដែរមានដូចជា ARDB, SMEB, Sathapana Bank, Wing Bank និង KE ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត សួង ណយអ្នកចូលរួមទាំងអស់ សុទ្ធតែបានចរចារទិញលក់ ផលិតកម្មតាមកិច្ចសន្យា និងប្ដេជ្ញាប្រឹងប្រែងធ្វើការងារបន្តក្នុងគោលបំណងទប់លំហូរគ្រាប់ឆៅ៣០% មិនឱ្យចាល់លើទីផ្សារដោយប្រើយន្តការទិញស្តុក និងកែច្នៃជាផលិតផលកែច្នៃ ដើម្បីទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសដោយផ្ទាល់។
ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានលើកឡើងបន្ថែមទៀតថាដើម្បីដំណោះស្រាយការខ្ចះខាតទុនបង្វិល ត្រូវបង្កើតគំនិតផ្ដួចផ្ដើមថ្មីមួយ គឺបំផុសឱ្យអ្នកដាំ និងអ្នកប្រមូលទិញស្តុក ទិញគ្រាប់ចន្ទីនាំចេញ យកគ្រាប់ចន្ទីមកចូលជាភាគហ៊ុន ជាមួយសហគ្រាសកែច្នៃ ដើម្បីចែកផលចំណេញ។ គំនិតផ្តួចផ្តើមមួយនេះត្រូវបានសារទរដែលមិននឹកស្មានដល់ ហើយពួកគាត់ក៍បានចាប់ផ្ដើមទាក់ទងគ្នាចូលហ៊ុនជាគ្រាប់ចន្ទី អ្នកខ្លះរហូតដល់១០តោន។