ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ជំរុញឱ្យមន្ត្រីអនុវត្តតួនាទី/ភារកិច្ចបានម៉ឺងម៉ាត់ ដើម្បីមានការរីកចម្រើនលើវិស័យព័ត៌មាន និងសោតទស្សន
(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានជំរុញឱ្យមន្ត្រីរាជការទាំងអស់ ត្រូវតែយកចិត្តទុកដាក់អនុវត្តតួនាទី/ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព លើការងារព័ត៌មាន និងសោតទស្សន៍ សំដៅធានាការងារវិស័យនេះមានការរីកចម្រើន និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សង្គម នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាជាច្រើនរូបផងដែរ។
លោកស្រីបានបញ្ជាក់ថា ការអនុវត្តការងារតាមតួនាទី/ភារកិច្ច មិនត្រឹមតែជាកាតព្វកិច្ចរបស់មន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការពង្រឹងទំនុកចិត្តសាធារណៈចំពោះស្ថាប័នព័ត៌មាន។ ការងារព័ត៌មាន និងសោតទស្សន៍ ជាវិស័យសំខាន់មួយក្នុងសង្គម ដែលមានតួនាទីផ្សព្វផ្សាយព័ត៌មាន និងអប់រំសាធារណៈ ផ្តោតទៅលើការប្រមូល ចម្រាញ់ ផលិត និងផ្សព្វផ្សាយព័ត៌មាន តាមរយៈអក្សរ សម្លេង និងរូបភាព ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកស្រីប្រធានមន្ទីរបានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងធ្វើការសហការជាក្រុម ដើម្បីឱ្យការងារព័ត៌មាន និងសោតទស្សន៍នៅក្នុងខេត្តកំពង់ធំ មានដំណើរការបានរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមទិសដៅរបស់ក្រសួងព័ត៌មាន។

