ប្រធានក្រុមប្រឹក្សាស្រុកស្រុកស្ទោង លើកទឹកចិត្តដល់ពលរដ្ឋឱ្យមានភាពក្លាហានក្នុងការលើកឡើងពីបញ្ហាកង្វល់ និងសំណូមពរនៅក្នុងវេទិកា ដើម្បីអាជ្ញាធរបានដោះស្រាយជូន
(កំពង់ធំ)៖ ប្រធានក្រុមប្រឹក្សាស្រុកស្រុក ស្ទោងលើកទឹកចិត្តដល់ពលរដ្ឋឱ្យមានភាពក្លាហានក្នុងការលើកឡើងពីបញ្ហាកង្វល់ និងសំណូមពរនៅក្នុងវេទិកា ដើម្បីអាជ្ញាធរបានដោះស្រាយជូន
លោក ឡាយ ស៊ីលី បានលើកឡើងដូច្នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោង អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
លោកបានបញ្ជាក់បន្ថែមថា វេទិការនៅក្នុងឱកាសនេះពិតជាវិសេសវិសាល និងមានតម្លៃបំផុតព្រោះបានបង្កលក្ខណៈងាយស្រួល និងដល់មូលដ្ឋានសម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋមានឱកាសឆ្លងឆ្លើយដោយផ្ទាល់ជាមួយអាជ្ញាធរ ជាពិសេសជាមួយក្រុមប្រឹក្សាស្រុក អំពីបញ្ហាប្រឈមនានាដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ដែលសមស្របទៅនឹងប្រធានបទដែលបានដាក់ជូននៅក្នុងវេទិកានេះ។
ជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរឃុំប្រឡាយ ត្រូវបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាឬឆ្លើយតបឱ្យបានឆាប់រហ័ស ធ្វើការណែនាំឬផ្ដល់ព័ត៌មានត្រឡប់អំពីការផ្ដល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព ចំគោលដៅដែលពួកគាត់មកស្នើសុំ ធានាបាននូវភាពស្និទ្ធស្នាល និងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លើសពីនេះលោក ឡាយ ស៊ីលី បានណែនាំបន្ថែមទៀតដល់អាជ្ញាធរឃុំប្រឡាយ ត្រូវតាមដានត្រួតពិនិត្យ និងចុះដល់ទីតាំងផ្ទាល់ដែលប្រជាពលរដ្ឋបានលើកឡើង ឬស្នើសុំអំពីបញ្ហាប្រឈមនានា បញ្ហាកកស្ទះប្រព័ន្ធលូរំដោះទឹកដែលជាបញ្ហាប្រឈមនឹងកង្វល់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំប្រឡាយទាំងមូលដែលបានលើកឡើងនៅក្នុងវេទិកានេះ។
ទន្ទឹមនឹងនេះលោក ឡាយ ស៊ីលី បានលើកទឹកចិត្តដល់ពលរដ្ឋក្នុងមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធត្រូវរួបរួមសហការគ្នាក្នុងការទប់ស្កាត់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដូចជាបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ឬអំពើអាណាធិបតេយ្យនានា ដើម្បីសន្តិសុខសណ្ដាប់ធ្នាប់រួមនៅក្នុងមូលដ្ឋានយើងបានល្អប្រសើរ ឆ្លើយតប នឹងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី ៧។
បន្ថែមពីនេះទៀតលោកប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំប្រឡាយឱ្យមានការយោគយល់អធ្យាស្រ័យ អត់ធ្មត់ខ្ពស់ចំពោះបញ្ហា និងកង្វល់មួយចំនួនដែលអាជ្ញាធរពុំទាន់បានដោះស្រាយជូន ព្រោះស្ថិតនៅក្រោមស្ថានភាព ពេលវេលាជាក់ស្ដែងនិងផ្លូវច្បាប់ជាធរមានថែមទៀត។

