លោក សួគ៌ ប៊ុនធង បានលើកឡើងថា ការដាក់បំពាក់អំពូលសូឡា គឺដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន សុវត្ថិភាព និងអភិវឌ្ឍបែបបៃត
(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង បានលើកឡើងថា ការដាក់បំពាក់អំពូលសូឡា គឺដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន សុវត្ថិភាព និងអភិវឌ្ឍបែបបៃតង។
លោកអភិបាលរងស្រុកស្ទោង បានលើកឡើងនេះក្នុងពិធីដេញថ្លៃ គម្រោងមូលនិធិឃុំព្រះដំរី ដើម្បីបំពាក់សូឡាបំភ្លឺផ្លូវ ចំនួន១១៥ដើម នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
លោកបន្ថែមថា គម្រោងមួយនេះមានសារៈសំខាន់ក្នុងការកែលម្អជីវភាពរស់នៅ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាការឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន តាមរយៈយន្តការប្រជាធិបតេយ្យ និងការចូលរួមយ៉ាងសកម្ម ក្នុងការបំពាក់ភ្លើងបំភ្លឺផ្លូវដោយប្រើថាមពលព្រះអាទិត្យ មិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយអំពើអសន្តិសុខ គ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពមូលដ្ឋានផងដែរ។
ជាមួយគ្នានេះផងដែរគម្រោងសូឡា គឺសមស្របជាមួយនឹងគោលនយោបាយអភិវឌ្ឍបៃតង ដែលផ្តោតលើការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ថាមពលបែបប្រពៃណី និងការពារបរិស្ថានក្នុងរយៈពេលវែង។
លើសពីនេះក្រុមហ៊នដែលបានដេញថ្លៃឈ្នះ ត្រូវគោរពតាមនីតិវិធី បទប្បញ្ញត្តិ និងលក្ខខណ្ឌដែលបានកំណត់ ឱ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយគណៈកម្មការដេញថ្លៃ បំពេញតួនាទីដោយស្មោះត្រង់ យកចិត្តទុកដាក់ និងធានាបាននូវគុណភាព តម្លាភាពក្នុងដំណើរការ និងអនុវត្តគម្រោងឱ្យបានតាមស្តង់ដា បញ្ចប់តាមកាលកំណត់ ធានាគុណភាពប្រើប្រាស់យូរអង្វែង លើសពីនេះ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមតាមដាន និងថែរក្សាសមិទ្ធផលរួមនេះ ឱ្យបានល្អប្រសើរ។

