លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦.៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធ
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៦.៩០០ នាក់ មកពីឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនសមាជិកសមាជិកាបក្សទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារបក្សឱ្យកាន់តែប្រសើរឡើង លោកអ្នកឧកញ៉ា បណ្ឌិត បានផ្តល់ការណែនាំ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដល់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង ៧ ក៏ដូចជាគណៈកម្មាធិការគណបក្សស្រុក និងឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តតាមទិសដៅការងារដែលគណបក្សបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព។ ជាពិសេសទាំងសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ក៏ដូចជាសមាសភាពក្រុមការងារគណបក្សស្រុក-ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារដែលជួបការលំបាក ឬគ្រួសារដែលមានសមាជិកទទួលមរណភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ដើម្បីកៀរគរកម្លាំងសាមគ្គីបន្ថែម ក្នុងស្មារតីបម្រើជាតិ និងប្រជាជន ហើយត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលបានចូលរួមទាំង ៦.៩០០ ផងដែរ។ សូមបញ្ជាក់ជូនបន្ថែមទៀតថា បូករួមទាំងអំណោយ និងការចំណាយរៀបចំកម្មវិធីសរុបអស់ថវិកាប្រមាណ ៥២០.០០០.០០០ រៀល។

