ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក សេង សារ៉ាត អភិបាលរង តំណាងលោក គង់ សំអាត អភិបាលស្រុក ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និងគោរពវិញ្ញាណក្ខន្ធលោក ពលបាលត្រី ម៉ៅ មឿន អាយុ ៦០ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗកន្លងទៅនេះ ។
លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោក ពលបាលត្រី ម៉ៅ មឿន ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨២ នៅអង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ហើយក្រោយមកត្រូវបានក្រសួងការពារជាតិ បានដាក់ឱ្យចូលជាយោធិនសោធននិវត្តន៍ នៅឆ្នាំ២០០៧ ។ លោកមានភរិយាឈ្មោះ គួន រ៉ាត់ អាយុ ៥៥ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៣នាក់ រស់នៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក ពលបាលត្រី ម៉ៅ មឿន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី គួន រ៉ាត់ ដែលត្រូវជាភរិយា និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក សេង សារ៉ាត ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។
ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយផលិតទឹកស្អាតឃុំដងកាំបិត ស្រុកសណ្ដាន់
ខេត្តកំពង់ធំ៖ ស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែង ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ ប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងជាអនុប្រធានអាជ្ញាធរបឹងទន្លេសាប។
ស្ថានីយផលិតទឹកស្អាតនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមជំនួយឥតសំណងរបស់ភ្នាក់ងារទឹកបារាំង Loire-Bretagne, SIGEIF, SIVOM SAGevia និង HAMAP-Humanitaire តាមរយៈអាជ្ញាធរទន្លេសាប និងអនុវត្តដោយអង្គការទឹកភ្លៀងកម្ពុជា ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងអង្គការដៃគូអភិវឌ្ឍន៍ អង្គការម្ចាស់ជំនួយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។
ក្នុងរបាយការណ៍ស្វាគមន៍ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ បានលើកឡើងថា ស្ថានីយផលិតទឹកស្អាតនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនឹងជួយដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ និងរួមចំណែកលើកកម្ពស់សុខភាព អនាម័យ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ដោយឡែក លោក ផេង គា នាយកប្រតិបត្តិអង្គការទឹកភ្លៀងកម្ពុជា បានឱ្យដឹងថា ស្ថានីយនេះត្រូវបានសាងសង់រួចរាល់នៅចុងឆ្នាំ២០២៥ ដោយមានអាងស្តុកទឹកចំណុះ ៣០ ម៉ែត្រគូប ប្រើប្រាស់ប្រព័ន្ធបូមទឹកថាមពលព្រះអាទិត្យរួមជាមួយអគ្គិសនី និងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារ ព្រមទាំងសាលារៀន វត្តអារាម និងស្ថាប័នសាធារណៈមួយចំនួនក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ តំណាងអង្គការម្ចាស់ជំនួយបារាំង បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងបានបញ្ជាក់ពីការបន្តគាំទ្រគម្រោងទឹកស្អាត ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ព្រឹម រដ្ឋា និងឯកឧត្តម អ៊ុក គឹមសាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអាជ្ញាធរ អង្គការដៃគូ និងម្ចាស់ជំនួយ ដែលបានរួមចំណែកបង្កើតសមិទ្ធផលដ៏មានអត្ថន័យនេះ។ ឯកឧត្តមទាំងពីរ បានលើកឡើងថា ការទទួលបានទឹកស្អាតប្រើប្រាស់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅតាមសហគមន៍ជនបទ។
ជាមួយគ្នានេះ អភិបាលរងខេត្តទាំងពីរ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងស្ថានីយ និងប្រជាពលរដ្ឋ បន្តសហការគ្នាក្នុងការថែរក្សា និងប្រើប្រាស់ស្ថានីយទឹកស្អាតនេះឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងម្ចាស់ជំនួយ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធរហូតសម្រេចបានសមិទ្ធផលដ៏មានតម្លៃនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ជនបទឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ ក៏បានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានីយផលិតទឹកស្អាតឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចាប់ពីពេលនោះតទៅ។

