
(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកថវិកា និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនភរិយា និងក្រុមគ្រួសារនៃសពលវរសេនីយ៍ត្រី ប៊ូ ផូ ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅក្នុងសមរភូមិដើម្បីការពារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន។
នាឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវការរំលែកមរណទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជូនចំពោះភរិយា និងក្រុមគ្រួសារនៃសពវរសេនីយ៍ត្រី ប៊ូ ផូ ព្រមទាំងបានប្រគល់ជូននូវសាររំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន ៨០លានរៀល, ឯកឧត្តម វង្សី វិស្សុត ៥លានរៀល, ឯកឧត្តមអភិបាលខេត្ត ៥លានរៀល, លោកអ្នកឧកញ៉ា ទ្រី ភាព ៥លានរៀល, និងថវិការបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ៦,៨៩០,០០០រៀល ដើម្បីជាកិច្ចតបស្នងចំពោះការធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតអង់អាចក្លាហានរបស់លោក ប៊ូ ផូ នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ព្រមជាមួយនេះឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តមអភិបាលខេត្តកំពង់ធំ និងស្ថាប័នមីក្រូហិញវត្ថុ (ធនាគារប្រាសាក់ និងអង្គការទ្រព្យខ្ញុំ) ក៏បានរួមគ្នាដោះស្រាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនដល់ភរិយានៃសព ដោយបានលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់គាត់, ជួយសម្រួលដល់ការសិក្សារបស់កូនៗ និងផ្តល់ក្របខណ្ឌយោធា០១កន្លែងសម្រាប់កូន ឬសាច់ញ្ញាតិរបស់គាត់តាមស្ថានភាពជាក់ស្តែង។
តាងនាមរាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណចំពោះស្ថាប័នមីក្រូហិរញវត្ថុទាំងពីរ ដែលបានជួយសម្រួលបន្ទុកដល់គ្រួសារនៃសព និងសូមថ្លែងអំណរគុណចំពោះសប្បុរសជន និងញាតិមិត្តជិតឆ្ងាយនៃសព ដែលបានចូលបច្ច័យបុណ្យសពវរសេនីយ៍ត្រី ប៊ូ ផូ ផងដែរ។