
(កំពង់ធំ )÷ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក បានណែនាំដូច្នេះនៅក្នុងឱកាស ដែលលោកតំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តកុមារីកំព្រា នៅភូមិកំពង់ប្រដុំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥។
លោកបន្ថែមថាក្នុងនាមរដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង សូមលើកទឹកចិត្តដល់កុមារី ណាន វណ្ណ: ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាព ហើយក្លាយខ្លួនជាសិស្សពូកែ ជាពិសេសខិតខំរៀនសូត្របន្តរហូតដល់មហាវិទ្យាល័យ ដើម្បីអនាគតភ្លឺត្រចះត្រចង់ ជាម្ចាស់លើជីវិតខ្លួនឯងនិងទ្រទ្រង់សុខុមាលភាពគ្រួសារនិង បងប្អូនផងដែរ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោក ឡេង ណុប និងអ្នកស្រី អ៊ុក ស៊ីណាត ព្រមទាំងលោកមេឃុំ និងសហភាពសហព័ន្ធយុវជនកម្ពុជាឃុំម្សាក្រង ដែលបាន សហការនិងឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ដើម្បីចូលរួមឧបត្ថម្ភដល់ក្មួយស្រីនៅក្នុងឱកាសនេះ ដែលជាលទ្ធភាព និងឥរិយាបថដ៏គួរឱ្យកោតសរសើរ ជាពិសេសអាចជួយសម្រាលទុក្ខលំបាករបស់ក្មួយស្រីបានមួយគ្រាផងដែរ។
លើសពីនេះលោកបានអំពាវនាវដល់ រដ្ឋបាលឃុំម្សាក្រង មណ្ឌលសុខភាពម្សាក្រង និងមន្ទីរពេទ្យបង្អែកស្ទោង សូមជួយសម្របសម្រួលហើយព្យាបាលជូនប្អូនស្រីនិងប្អូនប្រុសដោយឥតគិតថ្លៃ ប្រសិនបើមានកាលៈទេសៈនិងស្ថានភាពត្រូវថែទាំនិងព្យាបាលជំងឺថែមទៀត។
ឆ្លៀតក្នុងឱកាសនោះលោក សួគ៌ ប៊ុនធង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខឧបត្ថម្ភដល់គ្រួសារពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃនៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំថែមទៀតផង។
សូមបញ្ជាក់ថា កុមារី ណាន វណ្ណៈ ជាក្មេងកំព្រាឪពុកម្ដាយនៅតែ២នាក់ប្អូនប្រុស ហើយនៅក្នុងឱកាសនេះលោកសួគ៌ ប៊ុនធង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួននិងថវិកាសរុប៣០ម៉ឺនរៀលផងដែរ។