
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីសហការសម្របសម្រួលដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ សីហា ឆ្នាំ២០២៥ នៅសាលប្រាសាទយាយព័ន្ធ (អគារC) នៃសាលាខេត្តកំពង់ធំ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានោះ ឯកឧត្តម បានលើកឡើងថា ដើម្បីចូលរួមចំណែក ធានាឱ្យកិច្ចដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន គឺ “អ្នកចេះគឺជាប់”។
ឯកឧត្តបានបន្ថថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ការលើកទឹកចិត្ត និងការលើកកម្ពស់គុណភាព សមត្ថភាពរបស់បេក្ខជនដែលមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវ និងណែនាំ ៖១- គ្រប់សេវាកម្មស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងទីតាំងលក់ម្ហូបអាហារ ទាំងអស់ មិនត្រូវដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ។ ២-គ្រប់សេវាកម្មស្នាក់នៅ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចការពារដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដោយសហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន។ ៣-គ្រប់សេវាកម្មម្ហូបអាហារ ត្រូវរក្សាអនាម័យម្ហូបអាហារឱ្យបានល្អ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវមានធុង សំរាម ឬកន្ត្រកដាក់សំរាមគ្រប់គ្រាន់នៅតាមតុអាហារ និងបន្ទប់ទឹកត្រូវមានអនាម័យ និងស្អាតជានិច្ច។ ៤- ម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលក្នុងសៀវភៅបញ្ជី នូវអាសយដ្ឋាន និងលេខទំនាក់ទំនងរបស់ភ្ញៀវដែលចូលមកស្នាក់នៅ។ ៥- គ្រប់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លងឯកសារ ក្នុងក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងឃុំត្បូងក្រពើ ស្រុក សន្ទុក ត្រូវផ្អាកដំណើរការអាជីវកម្ម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះ។
ជាចុងក្រោយ ឯកឧត្តអភិបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ និងម្ចាស់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លង ឯកសារទាំងអស់ និងសហការ អនុវត្តតាមការណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និការទទួលខុសត្រូវ។