(កំពង់ធំ)៖ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា ថវិការបស់មូលនិធិឃុំគឺជាយុទ្ធសាស្ត្រស្នូលសំខាន់ សម្រាប់អភិវឌ្ឍមូលដ្ឋានឃុំឱ្យប្រសើរ ហើយបើអាជ្ញាធរចេះកៀរគរក្រុមហ៊ុនវិនិយោគ អង្គការដៃគូរបន្ថែម និងប្រើប្រាស់ថវិកាឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាពតាមការចាំបាច់នោះ គ្រប់មូលដ្ឋានទូទាំងឃុំមានការរីកចម្រើន។
លោកថ្លែងបែបនេះ នៅក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំសាលាវិស័យឆ្នាំ២០២៥ ដែលបានប្រព្រឹត្តធ្វើឡើងនៅសាលាឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ តំណាងលោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក។
លោកអភិបាលរងស្រុក សេង សារ៉ាត បានបន្តទៀតថា ដើម្បីសម្រេចបានតាមចក្ខុវិស័យអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីសម្រេចតាមផែនការ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាមទាឱ្យមានការចូលរួមសហការ សាមគ្គីគ្នាបំពេញការងារឱ្យបានល្អ ចាប់ពីរដ្ឋបាលមូលដ្ឋាន ដល់ថ្នាក់ខេត្ត។ តាមទស្សនៈ និងការដឹកនាំរបស់អស់លោក លោកស្រីថ្នាក់នាំយល់ឃើញថា គ្មានអ្វីក្រៅអំពីមូលនិធិឃុំទេ ដែលអាចជួយអភិវឌ្ឍមូលដ្ឋានឱ្យបានប្រសើរនោះ។
លោកក៏បានស្នើសុំឱ្យអាជ្ញាធរឃុំនីមួយៗ ត្រូវមានផែនការឱ្យច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវកៀរគរក្រុមហ៊ុនវិនិយោគ អង្គការដៃគូរផ្សេងៗបន្ថែម ដើម្បីធ្វើឱ្យហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ តាមមូលដ្ឋានមានភាពល្អប្រសើរ ។
លោកអភិបាលរងស្រុក ក៏បានបញ្ជាក់ប្រាប់អំពីគម្រោងជាច្រើនទៀត ដែលក្រុមការងាររាជរដ្ឋាភិបាល នឹងជួយដល់អាជ្ញាធរមូលដ្ឋាន លើវិស័យផ្សេងៗ ដើម្បីធ្វើឱ្យប្រសើរដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពត ដែលបានសហការ សាមគ្គីគ្នាបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ហើយសូមបន្តខិតខំបន្ថែមទៀត។ មូលនិធិឃុំ សង្កាត់ គឺជាកញ្ចប់ថវិកាមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្ទេរទៅឱ្យឃុំ ។ មូលនិធិនេះរួមមានចំណូល ពីចំណែកដ៏ជាក់លាក់ របស់ចំណូលចរន្តនៃថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍនានា។
លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានបញ្ជាក់ថា គម្រោងមូលនិធិឃុំសាលាវិស័យឆ្នាំ ២០២៥នេះមានចំនួនពីរគម្រោងគឺ÷ ១.គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង២១០ម៉ែត្រ ទទឹង៦ម៉ែត្រ បេតុង០.១៥ម៉ែត្រ ដែលបានទៅលើក្រុមហ៊ុន អ៉ឹង ចាន់ឡា ដែលជាអ្នកទទួលបានការម៉ៅការសាងសង់លើគម្រោងនេះ។ ២. គម្រោងសាងសង់ទំនប់ដីប្រវែង១១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលបានទៅលើក្រុមហ៊ុន តាន់ ម៉េងហុង ជាអ្នកទទួលបានការម៉ៅការសាងសង់ក្នុងគម្រោងនេះ។



















