ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា បានដឹកនាំសហការី នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ បាននាំយកបរិក្ខារ អង្គកថិនទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ចូលរួមចំណែក ក្នុងពិធីអង្គកឋិនទានសាមគ្គី នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងភូមិព្រៃតាហ៊ូ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយយោធិនក្រោមឱវាទ ព្រមទាំងក្រុមគ្រួសារ តែងតែបានមូលមតិគ្នាដង្ហែរអង្គកឋិនទាន ទៅកាន់ទីអារាមនានា ក្នុងខេត្តកំពង់ធំ និងចូលរួមជាថវិកា បរិក្ខារក្នុងអង្គកឋិនទាន ដើម្បីរួមចំណែកក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ហើយឆ្នាំនេះ ទោះបីស្ថានភាពប្រទេសជាតិជួបវិបត្តិដោយការឈ្លានពានបូរណភាពទឹកដី ពីប្រទេសជិតខាង ក៍ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ នៅតែឆ្លៀតពេលបន្តចូលរួមចំណែកតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងសកម្មភាពនានា លើវិស័យព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ផងដែរ ។
ព្រះតេជគុណ សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគុណខេត្ត និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ បានថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងសហការីទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ សម្រាប់ចង្ហាន់ដល់ព្រះសង្ឃក្នុងរយៈពេលកន្លងមក ពិសេសព្រះសង្ឃដែលគង់ចាំព្រះវស្សា និងរៀនសូត្រនៅក្នុងទីអារាម ដែលមានចំនួនច្រើនអង្គ ហើយប្រឈមនឹងការខ្វះខាតចង្ហាន់នាពេលកន្លងទៅ និងសូមជូនពរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ព្រមទាំងសហការីទាំងអស់ សូមទទួលបាននូវសេចកីសុខ សេចកីចម្រើន និងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។










