(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។
នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយចេញពីមន្ទីរពេទ្យ នៅគេហដ្ឋានស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានទឹកចិត្តដល់លោក វរសេនីយ៍ទោ ថៃ ដានិត និងក្រុមគ្រួសារឱ្យមានស្មារតីរឹងមាំឡើងវិញ តមចំណីអាហារ និងឧស្សាហាត់ប្រាណឱ្យបានទៀងទាត់ ពិសារថ្នាំគោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ជាពិសេសសូមជូនពរឱ្យដល់លោក វរសេនីយ៍ទោ ថៃ ដានិត និងក្រុមគ្រួសារជួបតែសុខភាពល្អ និងឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។
សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីបាននាំយកថវិការចំនួន៤,០០០,០០០រៀល (បួនលានរៀល)និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់លោកវរសេនីយ៍ទោ ថៃ ដានិត ផងដែរ។














