(កំពង់ធំ)÷ នៅរសៀលថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក សួគ៌ ប៊ុនធង អនុប្រធានភាពសហព័ន្ធយុវជនកម្ពុជាស្រុក តំណាងឱ្យលោក សាយ គឹមឡម ប្រធានប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ដឹកនាំក្រុមការងារធ្វើដំណើរទៅមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោក ហុង យានចាំង សមាជិកសហភាពសាក់ព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ដែលកំពុងសម្រាកព្យាបាលបន្ទាប់ពីរងគ្រោះថ្នាក់ក្នុងការបម្រើសង្គម។
លោក ហុង យានចាំង បានជួបប្រទះគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ពីជណ្ដើរ ខណៈកំពុងឡើងកាប់ដើមឈើជួយប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការគ្រោះថ្នាក់ទាំងនេះនាំឱ្យប៉ះពាល់ដល់ការបាក់ឆ្អឹងត្រគៀកស្ដាំ និងកដៃស្ដាំ ដែលត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យខេត្តសៀមរាប។ ក្នុងចំណុចនេះ យើងបានឃើញពីស្មារតីខ្ពង់ខ្ពស់ក្នុងការបំពេញភារកិច្ចការងារសង្គម របស់លោក ហុង យានចាំង ដែលមិនរួញរាបដិសេធពេលប្រជាពលរដ្ឋត្រូវការជំនួយ។ សកម្មភាពរបស់លោកគឺជានិមិត្តរូប នៃការខិតខំរួមចំណែក ដឹកនាំគំរូល្អសម្រាប់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងស្រុកស្ទោង។
ក្នុងឱកាសជួបសួរសុខទុក្ខនេះ លោក សួគ៌ ប៊ុនធង និងគណៈកម្មាធិការ បាននាំយកថវិកា២,៤៦០,០០០រៀល មកជូនដល់លោក ហុង យានចាំង ដើម្បីជួយចំណាយព្យាបាល និងបង្ហាញពីការយកចិត្តទុកដាក់រឹងមាំរបស់ថ្នាក់ដឹកនាំចំពោះសមាជិកដែលជួបបញ្ហាប្រឈម ឬរងគ្រោះថ្នាក់ក្នុងការបំពេញភារៈកិច្ចសង្គម។ ពេលវេលានេះ មិនត្រឹមតែជាការជួយសង្គ្រោះបឋមនោះទេប៉ុន្តែជាភស្តុតាងបង្ហាញថាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ជាស្ថាប័នដែលយល់ចិត្ត ទុកចិត្ត និងឈរលើស្មារតីរួបរួមគ្នាជាធ្លុងមួយ។ ការសួរសុខទុក្ខនេះ បង្ហាញពីស្មារតីមិត្តភាព ក្ដីមេត្តាករុណា និងទំនាក់ទំនងដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងសមាជិកគ្រប់រូប។
លោក សួគ៌ ប៊ុនធង អនុប្រធានភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង សូមកោតសរសើរចំពោះភាពសកម្ម ក្ដីស្មោះត្រង់ និងការខិតខំឧស្សាហ៍របស់លោក ហុង យានចាំង ដែលតែងតែឈរជាជួរមុខគេ ក្នុងសកម្មភាពសង្គម និងជួយអភិវឌ្ឍឃុំ-ស្រុកដោយស្មារតីស្ម័គ្រចិត្ត។ សូមឱ្យលោក ហុង យានចាំង មានកម្លាំងចិត្តរឹងមាំ ព្យាបាលឱ្យបានជាសះស្បើយរហ័ស និងត្រឡប់មកចូលរួមសកម្មភាពសង្គមជាមួយសមាជិកសមាជិកា ជាថ្មីវិញទៀត។






















