កំពង់ធំ – នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តកំពង់ធំ បានបើកយុទ្ធនាការដង្ហែរក្បួនប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបល្លង្គ ដោយមានការចូលរួមគាំទ្រយ៉ាងអធិកធម ពីអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន បានលើកឡើងថា ការរីកចម្រើននៃបណ្ដាញឌីជីថល និងបច្ចេកវិទ្យា AI បានធ្វើឱ្យព័ត៌មានក្លែងក្លាយកើតមាន និងរីករាលដាលកាន់តែខ្លាំង។ ដូច្នេះ ការចូលរួមរបស់សាធារណជន គ្រប់ស្រទាប់ទាំងអស់ពេលនេះមានសារៈសំខាន់ក្នុងការកែប្រែលុបបំបាត់ព័ត៌មានក្លែងក្លាយ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយប្រកាន់ខ្ជាប់នូវទម្លាប់ល្អគឺ ការបង្កើត ចែកចាយ និងផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌បិជ្ជាជីវ:ត្រឹមត្រូវ ។ ហើយយើងទាំងអស់គ្នាត្រូវ“និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ដើម្បីសង្គម ទទួលបាន គុណភាព និងសុវត្ថិភាពព័ត៌មាន។
លោក សៀង ម៉ាប់ អភិបាលរង ស្រុកប្រាសាទបល្លង្គ បានមានប្រសាសន៍គាំទ្រយុទ្ធនាការនេះ និងគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយកំពុងក្លាយជាបញ្ហាសកល ដែលអាចប៉ះពាល់ដល់សន្តិភាព ស្ថេរភាព និងសុខុមាលភាពសង្គម
ជាមួយគ្នានេះព័ត៌មានបំភាន់តាមបច្ចេកវិទ្យាថ្មីៗ ក៏អាចបណ្តាលឱ្យមានការបោកប្រាស់ ការរើសអើង និងបង្កគ្រោះថ្នាក់ដល់សាធារណៈនៅក្នុងសង្គមយើង ដូច្នេះយើងរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ។
លោកស្រីង៉ែតណារីនប្រធានមន្ទីរព័ត៌មាន បានលើកឡើងទៀតថា តាមរយៈយុទ្ធនាការ ដែលបានអនុវត្តនៅ ក្រុងស្ទឹងសែននិងនៅតាមស្រុកនានាកន្លងមកនេះ យើងកត់សម្គាល់ឃើញថា បានធ្វើឲ្យ អ្នកប្រើប្រាស់បណ្ដាញសង្គម ប្រជាពលរដ្ឋបានយល់ដឹង និងមានការប្រុងប្រយ័ត្នក្នុងការពិនិត្យពត៌មាន មុននឹងចែករំលែក។
លោកស្រីបានបញ្ជាក់ថាដើម្បីបន្សាបព័ត៌មានក្លែងក្លាយ យើងត្រូវជំរុញ ការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើង ឬក៏កុំទុកឱកាស ឱ្យព័ត៌មានក្លែងក្លាយ រីកសាយភាយ ។
ជាក់ស្ដែង ដើម្បីរួមចំណែកលុបបំបាត់ព័ត៌មានក្លែងក្លាយមន្ទីរព័ត៌មានខេត្តកំពង់ធំ បាននិងកំពុងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងសាធារណៈ ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សម្រាប់សង្គមកម្ពុជា។
















