ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់មាត់បឹងទន្លេឆ្មារ ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅតំបន់មាត់បឹងទន្លេឆ្មារ ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ ក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាជននៅទូទាំងប្រទេស។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ឧបករណ៍នេសាទល្មើសច្បាប់ដែលបានធ្វើការកាប់បំផ្លាញចោលនៅរសៀលថ្ងៃនេះ មានរបាំងសាច់អួនក្រឡាញឹកចំនួនមួយរបាំង ដែលមានប្រវែងជាង ៣០០ម៉ែត្រ និងបានបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ទោះបីបទល្មើសនេសាទជាទូទៅមានការថយចុះគួរឲ្យកត់សម្គាល់។ ប្រជាពលរដ្ឋភាគច្រើនបានគោរពនិងអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មីបានយ៉ាងល្អប្រសើរ ។ តែប្រជានេសាទមួយចំនួនតូច នៅតែបំពានលួចប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ដោយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីប្រយោជន៍រួមនិងសង្គមជាតិទាំងមូលឡើយ។ ជាមួយនោះដែរកងកម្លាំងចម្រុះបានធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជារៀងរាល់ថ្ងៃ តែបទល្មើសនៅតែមានកើតឡើងនៅបណ្ដាចំណុចមួយចំនួននៅឡើយ ដែលត្រូវទាមទារឲ្យអាជ្ញាធរដែនដី និងស្ថាប័នជំនាញត្រូវបន្តធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានយល់ជ្រួតជ្រាបអំពីផលប៉ះពាល់ដោយការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានមច្ឆជាតិរបស់យើង ។

