បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលថ្មី ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ ស្ដីពីស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងមានការតានតឹង រវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ និងការពាក់ព័ន្ធបញ្ហាការឆ្លងកាត់ និងការបិទខ្ទប់ច្រកសមុទ្រ ហ័ម៉ូស ដែលមានការពាក់ព័ន្ធដល់វិបត្តិនៃការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោក និងនៅអាស៊ីអាគ្នេយ៍យើង ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលនៅពេលថ្មីៗនេះ ពួកចោរសៀមឈ្លានពាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាតំបន់មួយចំនួន ដែលពួកវាឈ្លានពានកាន់កាប់ដោយខុសច្បាប់ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីការចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ របស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ នៅតាមបណ្ដាខេត្តនានា ពិសេសការអបអរសាទរ ក្នុងពិធីបើកនគរសង្ក្រាន្តនៅរាជធានីភ្នំពេញ ។ ព្រមជាមួយនោះដែរ កងកម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយអាជ្ញាធរដែនដី នៅគ្រប់លំដាប់ថ្នាក់ ការពារបានសន្តិសុខ និងរក្សាបាននូវសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ទប់ស្កាត់ពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ។ ព្រមជាមួយនោះ ត្រូវបន្តបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យ បន្ថែមទៀត តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើសង្គមជាតិ និងប្រជាជនកម្ពុជា ។

