ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង អញ្ជើញចុះសិក្សាស្វែងយល់ពីតម្រូវការជាអាទិភាព ដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រជាជនកម្ពុជាប្រចាំខែឧសភ
(កំពង់ធំ)÷ នាព្រឹកថ្ងៃអាទិត្យ០៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាមបាង ឯកឧត្តម ហ៊ែល តូនី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពាមបាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែឧសភា របស់គណបក្សប្រជាជនកម្ពុជាឃុំពាមបាង ដើម្បីពង្រឹងការងារបក្សប្រជាជនកម្ពុជា និងឈ្វេងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះ ឯកឧត្ដមប្រធានក្រុមការងារ បានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនចំពោះសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្ដីនឹករលឹកបំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលរស់នៅលើភូមិបណ្ដែតទឹកទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យ និងរួមគ្នាការពារបរិស្ថានទាំងក្នុងលំនៅដ្ឋាន ក៏ដូចជាបរិវេណជុំវិញផ្ទៃទឹក ដើម្បីធានាបាននូវសុខភាពល្អ និងសោភ័ណភាពភូមិដ្ឋានបណ្ដែតទឹកឱ្យកាន់តែមានភាពស្រស់បំព្រង។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញឱ្យបង្កើនការពង្រឹងសាមគ្គីភាព និងការងារគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែសកម្ម ទោះបីឃុំពាមបាងមានភូមិសាស្ត្រលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបន្តចុះជួបសំណេះសំណាលជាមួយសមាជិកដល់មូលដ្ឋាន ព្រមទាំងលើកទឹកចិត្តឱ្យពង្រឹង «សាមគ្គីភាពផ្ទៃក្នុង» និងអនុវត្តយុទ្ធសាស្ត្រ «ពង្រឹងចាស់ ពង្រីកថ្មី» ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងអាណត្តិបន្តបន្ទាប់។ បន្ថែមលើនេះ ឯកឧត្តមក៏បានជំរុញឱ្យបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកបក្សប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្ដី ថោ ជេដ្ឋា ចែកជូនដល់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនូវថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងបានឧបត្ថម្ភអាវយឺតចំនួន ១០០អាវ និងមួកចំនួន ១០០មួក ជូនដល់កម្លាំងប្រជាការពារភូមិ ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ ក៏បានទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមនានារបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីពាំនាំទៅពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់កម្រិតជីវភាព និងភាពសុខសាន្តរបស់ប្រជាជនក្នុងឃុំពាមបាងទាំងមូល៕

