អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ ដែលសម្ដេច ឯកឧត្តម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។ ជាមួយនោះដែរ សម្ដេច ឯកឧត្តម និងលោកជំទាវ សូមជូនពរលោកពូ អ្នកមីង បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនេះ នៅឃុំដងកាំបិត ដែលជាឃុំនៅចុងកាត់មាត់ញករបស់ស្រុកសណ្ដាន់ មានព្រំប្រទល់ជាប់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ មានការលំបាកក្នុងការធ្វើដំណើរដឹកទំនិញកសិផលផ្សេងៗ និងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសណ្ដាន់ មានការលំបាកយ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកសណ្ដាន់ បានធ្វើឲ្យឃុំដងកាំបិតមានការប្រែប្រួលថ្មី ដោយមានសំណង់ស្ទាក់ទឹកមានតម្លៃរាប់លានដុល្លារ សម្រាប់បម្រើឲ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ ។ ព្រមជាមួយនោះ ផ្លូវលំ ស្ពានថ្នល់ ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញផ្សេងៗបានលឿនរហ័ស ទាំងនៅប៉ែកខាងលិចស្ទឹង និងនៅប៉ែកខាងកើតស្ទឹងសែន ក្នុងឃុំដងកាំបិតយើង។ ទីវត្តអារាមត្រូវបានក្រុមការងារចុះមូលដ្ឋានឃុំ ជួយសាងសង់កុដ និងឧបដ្ឋានសាលាព្រមទាំងសមិទ្ធផលមួយចំនួនទៀតនៅក្នុងវត្តស្រែវាលខាងកើត ។ ដោយឡែក សាឡង់មួយគ្រឿងអំណោយរបស់សម្ដេចមហាបវរធិបតី ត្រូវបានក្រុមការងារប្រគល់ជូនក្រុមប្រឹក្សាឃុំដងកាំបិត សម្រាប់ចម្លងជូនសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសបញ្ហាព្រំដែន ដែលកន្លងទៅនេះត្រូវបានទាហានថៃរំលោភបំពានកាន់កាប់បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នៅបណ្ដាតំបន់មួយចំនួន ហើយបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយគ្រប់បែបយ៉ាង តាមរយៈយន្តការនានាដែលនៅជាធរមានដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារដែនបូរណភាពទឹកដីកម្ពុជាត្រឡប់មកវិញឲ្យខាងតែបាន ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរ ។ ដោយឡែក ប្រជាពលរដ្ឋដែលមានគ្រួសារទទួលមរណភាពចំនួន មួយនាក់ បានទទួលអង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួនពីរកេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួនពីរយួរ ត្រីខកំប៉ុងចំនួន ពីរយួរ និងថវិកាចំនួន ២០០,០០០ រៀលផងដែរ ។

