
ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ និងការចាត់វិធានការចាំបាច់នានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងចំណាត់ការប្រកបដោយភាពម៉ឺងម៉ាត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជនកម្ពុជា ទាំងវិធានការការទូត វិធានការផ្លូវច្បាប់ និងវិធានការយោធា ចំពោះសត្រូវ សៀម ដែលមានមហិច្ចតាឈ្លានពានទឹកដីកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការចរចា និងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលមកដល់ពេលនេះបានចំនួន ៨៤% រួចហើយ និងការចចារបោះបង្គោលព្រំដែនរវាងកម្ពុជានិងឡាវ បាន ៨៦% ហើយ នៅឡើយជាមួយថៃ ដែលក្នុងរយៈពេល ២៥ឆ្នាំនេះ បានត្រឹមចរចា និងការស្វែងរកបង្គោលព្រំដែន ហើយមិនទាន់បានឯកភាពបោះបង្គោលព្រំដែន បានមួយបង្គោលនៅឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសង្កត់ធ្ងន់តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អំពីការកែសម្រួលកម្លាំងទ័ពនៅក្នុងតំបន់មានជម្លោះដែលបានការស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពទាំងពីរប្រទេស ដេីម្បីបញ្ជៀសសង្គ្រាមបង្ហូរឈាមជាទ្រង់ទ្រាយធំ តែមិនមែនជាការដកកងទ័ពចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជាឡេីយ ហើយជាមួយនេះដែរសម្ដេចតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត ក៍បានបញ្ជាក់រួចហើយអំពីការយកតំបន់ទាំងបួនរួមមាន តំបន់ប្រាសាទតាមមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ (ICJ) ដើម្បីបញ្ចប់បញ្ហាជម្លោះ ។ ហើយក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្តីរបៀបណា ដោយយុត្តិធម៌ កម្ពុជានិងទទួលយក ។ នៅតំបន់ខាងលេីនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរួចហើយ និងបានផ្ញើសារលិខិតទៅរាជរដ្ឋាភិបាលថៃចូលរួមដោះស្រាយវិវាទព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី មិនឱ្យសត្រូវសៀមមករំលោភឈ្លានពានបានឡើយ។