
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកខ្សាច់កណ្តាល ថា៖ ការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ។
ឯកឧត្តមបានលើកឡើងបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៦ភូមិ គឺភូមិព្រែកតាបែន ភូមិស្លា ភូមិស្វាយរមៀត ភូមិឈើទាល ភូមិកណ្តាល និងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាលស្មើនឹង៤ ៦១៥ក្បាលដី នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា៖ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
ជាមួយគ្នានោះឯកឧត្តមក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វី ឡើយ។ ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។
ក្នុងឱកាសនោះលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៦ភូមិ គឺភូមិព្រែកតាបែន ភូមិស្លា ភូមិស្វាយរមៀត ភូមិ ឈើទាល ភូមិកណ្តាល និងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល មានចំនួន ៤ ៦១៥ក្បាលដី ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី២១ សម្រាប់ស្រុកខ្សាច់កណ្តាល និងជាលើកទី២៨៥ សម្រាប់ខេត្តកណ្តាលទាំងមូល៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល