
នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រាជធានីភ្នំពេញ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានព្រះបរមរាជាអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីចំនួន ១៧រូប ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចូលក្រាបបង្គំគាល់ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា និងទូលថ្វាយនូវរបាយការណ៍វឌ្ឍនភាព ការងារឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គកោតសរសើរការខិតខំប្រឹងប្រែងរបស់ ក.ជ.ក.ស. ដែលសម្រេចលទ្ធផលការងារដូចដែលបានលើកក្នុងរបាយការណ៍ និងគាំទ្រអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានកិត្តិយសទី១ ដែលទើបបានផ្តល់ក្នុងពេលថ្មី និងអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីបន្តដោះស្រាយបញ្ហាប្រឈម និងកង្វល់ ដែលនៅសេសសល់ និងកើតមានថ្មីៗចំពោះស្រ្តី។