
(កំពង់ធំ)÷ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខដែលរស់នៅក្នុងឃុំចុងដូង១២គ្រួសារ និងឃុំបារាយណ៍០៣គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលស្រុក
បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ នឹងសូមថ្លែងនូវការកោតសរសើរ និងការដឹងគុណ ចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានដ៏ឃោឃៅព្រៃផ្សៃរបស់ពួកទាហានសៀម មកលើទឹកដីកម្ពុជា។ លោកអភិបាលស្រុកបារាយណ៍ ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ តាមរយៈការជួយអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក និងប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនរបស់អាស៊ាន ព្រមទាំងថ្លៃងអំណរគុណចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញទាន់ពេលវេលាមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជាថៃ។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខក្នុងមួយគ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ ថវិកាមួយចំនួនទៀតផងដែរ។