
(កំពង់ធំ)៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនចំពោះព្រះសង្ឈ និងជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា សុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិឌ្ឍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិកក្នុងការរកបាននូវសន្តិភាពជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ដូចនេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែការពារនូវ សុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេណទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រគេនព្រះសង្ឃនូវ÷ អង្ករ ទឹកសុទ្ធ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។
សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ ។ ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភពថ្មី។