
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្ត ទេពនិម្មិត(ហៅវត្តធម្មយុត្តិ) ស្ថិតនៅក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានបូជាផ្កាភ្ញី ទៀនធូប ជូនចំពោះព្រះរតនត្រ័យ និងសូត្រមន្តសមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិមិត្តទាំងប្រាំពីរសណ្ដាន និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ព ដែលបានពលីជីវិត ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ សូមបានសោយសុខនៅឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបាននូវមគ្គផលគ្រប់ៗ គ្នា។
លោកឧត្តមសេនីយ៍ទោស្នងការ និងលោកស្រីបានប្រគេន ទ័យទានវត្ថុ ជាឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនចំពោះព្រះសង្ឃ ដើម្បីឧបត្ថម្ភគាំទ្រ វិស័យព្រះពុទ្ធសាសនា ព្រមទាំងចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម ឱ្យមានភាពរីកចម្រើនបន្ថែមទៀត ។
លោកស្នងការបានបួងសួង ដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយតាមបីបាច់ថែរក្សា ថ្នាក់ដឹកនាំ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន សម្បូរសប្បាយ និងធ្វើដំណើរទៅទីជិតទីឆ្ងាយ ជួបប្រទះតែសុខសុវត្ថិភាពគ្រប់ៗគ្នា។