នៅរដូវទឹកសម្រកនេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងលែងកូនត្រីចម្រុះចូលទន្លេវិ
(កំពង់ធំ)÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ហែម ថន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកោះខ្លា ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំមន្រ្តីខណ្ឌ មន្រ្តីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៌នេសាទសាមគ្គីកំពង់គោ ចូលរួមជាមួយកម្លាំងបញ្ជាការស្រាល ដឹកនាំ លោក ថន ពុទ្ធា អភិបាលរង ស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចវាលស្រងែ រហូតដល់ខ្វែងប្រវឹក ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
ជាក់ស្តែងលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តី និងមន្រ្តីកិច្ចសន្យា ចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច អាតុង, ក្អែដេក និងតាកន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលតំបន់វាលក្រោម ដឹកនាំដោយលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានចុះសួរសុខទុក្ខដល់ក្រុមការងារទីបញ្ជាការស្រាល និងកម្លាំងកងពលតូចលេខ៧០ ដែលបានប្រចាំការល្បាតនៅតំបន់បឹងកក់ និងនៅតំបន់បឹងរៀល ក្នុងភូមិសាស្ត្រឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅរដូវទឹកស្រក ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៣២របាំង ប្រវែង២.៣០០ម៉ែត្រ ឡុកចំនួន៣១គ្រឿង លប/លូចំនួន៣៩មាត់ បង្គោលចំនួន១.០៥០ដើម ចាក់លែងត្រីចម្រុះទំនង់១៨០ គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយអាណូតចំនួន៩គ្រឿងប្រើប្រេងឥន្ធនៈសាំងចំនួន១២០លីត្រ
សូមបញ្ជាក់ផងដែរថាលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅសហគមន៍នេសាទអភិវឌ្ឍន៍ស្ពានគ្រង មានសកម្មភាពដូចខាងក្រោម៖
ចំពោះតំបន់៣ ទឹករីងរាក់ និងគោក ដោយកន្លែង មិនមានសកម្មភាពអ្វីគួរកត់សម្គាល់។ ពង្រឹងកម្លាំងទីបញ្ជាការ តាមគោលដៅឃុំទាំងបួន ដេីម្បីយាម និងល្បាតនាពេលខាងមុខ ក្នុងករណីការលួចទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់។

