ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ និងក្រុមការងារ បានចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)១ខ្សែ ប្រវែង៤.៥០០ម៉ែត្រ សាងសង់លូមូលមុខពីរ លូមូលមុខមួយ៦កន្លែង និងផ្លាកឈ្មោះផ្លូវ១កន្លែង ស្ថិតនៅឃុំគគីរធំ ស្រុកបារាយណ៍
(កំពង់ធំ)÷ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោកប្រធានការិយាល័យផ្លូវជនបទ តំណាងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៤.៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង (ទទឹងម្ខាងៗ ប្រវែង០,៥ម៉ែត្រ) ក្រាលដីល្បាយក្រួសកម្រាស់០,២ម សាងសង់លូមូលមុខពីរចំនួន២កន្លែង លូមូល មុខមួយចំនួន៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន១កន្លែង ស្ថិតនៅពីភូមិវាលស្គរ ទៅភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គម្រោងលេខ DRR-NC-2024-No.002) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានជម្រាបជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។ ជាពិសេសបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង គឺផ្លូវសម្រាប់ជាចំណងដៃឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

