ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ណែនាំសមាជិកសមាជិកាត្រូវបើកបេះដូងទទួលពីគ្រប់និន្នាការនយោបាយមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភា
(កំពង់ធំ)÷ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនត្បូងណែនាំសមាជិកសមាជិកាត្រូវបើកបេះដូងទទួលពីគ្រប់និន្នាការនយោបាយមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព លោក ប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិត្តត្បូង បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិកបក្សនៅក្នុងឃុំកំពង់ចិនត្បូង កាលរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ដើម្បីឱ្យគណបក្សកាន់តែរឹងមាំ ឈ្នះគ្រប់សមរភូមិបោះឆ្នោត សមាជិកសមាជិកាទាំងអស់ ជាពិសេសប្រធានក្រុមបក្សសាខាបក្សត្រូវ ប្រជុំពិភាក្សាឯកភាព រាល់សកម្មភាពនានារបស់គណបក្សត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវសហលក្ខន្តិក:របស់គណបក្ស សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ហើយត្រូវធ្វើបច្ចុប្បន្នភាពសមាជិកសមាជិកាឱ្យបានច្បាស់លាស់ សមាជិកសមាជិកាដែលបានទទួលមរណភាពដើម្បីមានទិន្នន័យជាក់លាក់ ដែលសមាជិកសមាជិកាជាម្ចាស់ឆ្នោតមួយសន្លឹករបស់គណបក្សប្រកបដោយគុណភាព។
លោកបានបន្តទៀតថា ក្នុងនាមសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងនាមពលរដ្ឋខ្មែរត្រូវបន្តពហិការមិនប្រើប្រាស់របស់ថៃ លើកកម្ពស់ផលិតផលខ្មែរ ហើយអប់រំណែនាំបុត្រធីតាឱ្យសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីជាសសរទ្រូងនៃប្រទេសជាតិ ធ្វើតែអំពើល្អជាមនុស្សគំរូរបស់សហគមន៍ដែលទទួលបានជំនឿទុកចិត្តពីមូលដ្ឋាន ការលើកកម្ពស់បរិស្ថាន ផ្តល់សេវាប្រកបដោយសមធម៌ ឆាប់រហ័ស និងដល់ជណ្ដើរផ្ទះពលរដ្ឋ។
ជាមួយគ្នាលោកបានសម្ដែងការសាទរក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ដែលទទួលបាននូវគម្រោងអភិវឌ្ឍធំៗដូចជារោងចក្រដំឡូងមីនៅក្នុងឃុំពពក គម្រោងវារីវប្បកម្មចិញ្ចឹមខ្យងនៅក្នុងឃុំចំណាក្រោម និងឃុំសំព្រោជដែលនឹងអាចបង្កើនជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ជាចុងបញ្ចប់លោកប្រធានក្រុមការងារបានណែនាំដល់អាជីវករកែច្នៃត្រីសាច់ នៅក្នុងស្រុកស្ទោងត្រូវផលិតប្រកបដោយគុណភាពអនាម័យ អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងប្រកួតប្រជែងជាមួយទំនិញនាំចូលថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះហើយលោក ប៉ុញ សច្ចៈ បានឧបត្ថម្ភដល់សមាជិកសមាជិកាដែលបានចូលរួមនៅក្នុងកម្មវិធីនេះនៅទឹកប្រាក់ ក្នុង១នាក់ចំនួន២ម៉ឺនរៀល និងមី១កេសផងដែរ។

