ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងលើកទឹកចិត្តសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្របានពូកែ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ទៅថ្ងៃអនាគ
(កំពង់ធំ )÷ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្របានពូកែ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ទៅថ្ងៃអនាគត ឯកឧត្តម ថោ ជេដ្ឋា បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួបសំណេះសំណាល អប់រំសុខភាពអនាម័យដល់សិស្សានុសិស្សវិទ្យាល័យរស្មីសោភ័ណ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមបានបន្ថែមថែមថា ក្នុងនាមជាអ្នកសិក្សា ត្រូវរក្សាសុខភាពឱ្យបានល្អបំផុតនូវវិញ្ញាណទាំង៦ដូចជាឃានវិញ្ញាណ ចក្ខុវិញ្ញាណ កាយវិញ្ញាណ ជីវហារវិញ្ញាណ សោត្តវិញ្ញាណ និងមនោវិញ្ញាណ ព្រោះវិញ្ញាណទាំង៦នេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ជាមួយនឹងរូបរាងកាយ ក៏ដូចជាធ្វើឱ្យដំណើរជីវិតរបស់យើងបានល្អប្រសើរ ជាពិសេសយើងពុំបាច់ ចំណាយលើការថែទាំព្យាបាលសុខភាពឡើយប្រសិនបើយើងមានសុខភាពល្អប្រសើរ។
ឯកឧត្តមបានបន្ថែមថា លើសពីសុខភាពរឹងប៉ឹងគឺយើងត្រូវផ្តើមចេញពីការរស់នៅប្រកបដោយអនាម័យគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអនាម័យខ្លួនប្រាណ អនាម័យផ្ទះសម្បែង អនាម័យនៅតាមទីសាធារណៈ អនាម័យនៅសាលារៀន ហើយក៏ជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថានឱ្យបានល្អប្រសើរ និងស្រស់បំព្រងផងដែរ។
លើសពីនេះ សិស្សានុសិស្សគឺត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ជាប់ខ្ជួននូវសីលធម៌ ចរិយាធម៌ ធ្វើខ្លួនជាសិស្សល្អ កូនល្អ មិត្តល្អ ហើយត្រូវគោរពនិងអនុវត្តបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងនាំមកនូវសុខសុវត្ថិភាពជូនខ្លួនឯងអ្នកដទៃក៏ដូចជាសង្គមជាតិទាំងមូលថែមទៀត។
ជាចុងបញ្ចប់ឯកឧត្តម ថោ ជេដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះជាតិសាសន៍ដែលបានចំណាយពេលវេលា និងខិតខំ ពិនិត្យព្យាបាលព្រមទាំងផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ដោយឥតគិតថ្លៃក៏ដូចជាការអប់រំសុខភាពអនាម័យនៅក្នុងឱកាសនេះដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃប្រកបដោយជោគជ័យ និងផ្លែផ្កាបំផុត។
សូមបញ្ជាក់ផងដែរថា ប្រធានក្រុមការងារ សហការីព្រមទាំងសប្បុរសជន និងក្រុមគ្រូពេទ្យបានជូនឃីតអនុស្សាវរីយ៍ចំនួន១នាក់១កញ្ចប់ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណជាង១ពាន់នាក់ផងដែរ។

