កិច្ចប្រជុំពិភាក្សារវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្ត ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់របស់អាជ្ញាធរខេត្
(កំពង់ធំ)÷ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំ ដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញបំពេញបេសកកម្មនៅរដ្ឋបាលខេត្តកំពង់ធំ ដោយបានអញ្ជើញជួបជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់របស់អាជ្ញាធរ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ ។
នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំ ពិសេសការបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាពិសេសការប្រយុទ្ធប្រឆាំងមិនឱ្យមានវត្តមានល្បែងអនឡាញនៅក្នុងភូមិសាស្ត្រខេត្ត។ ក្រៅពីការងារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន តាមរយៈទីបញ្ជាការស្រាល រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព។
មានប្រសាសន៍នៅក្នុងកម្មវិធីនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាបានសង្កេតឃើញថា រដ្ឋបាលខេត្តកំពង់ធំ តែងតែព្យាយាមប្រើប្រាស់យន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿន និងបញ្ចប់ការរំលោភបំពានដីរដ្ឋ ប៉ុន្តែក្នុងករណីខ្លះ ខណៈពេលដែលកំពុងដោះស្រាយ ជាបណ្ដើរៗឱ្យស្របច្បាប់ កុំឱ្យមានបញ្ហាកើតឡើងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ខេត្តកំពង់ធំ ជាខេត្តមួយដែលមានសក្តានុពល និងមានការរីកចម្រើនជាច្រើនកន្លែង ពិសេសវិស័យកសិកម្ម ហើយចំណាំស្រូវកំពុងតែមានដំណើរការឈានមុខគេ និងការចិញ្ចឹមសត្វផងដែរ។ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានកោតសរសើរដល់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ដែលមានសមត្ថភាពក្នុងការរៀបចំផ្នែកកសិឧស្សាហកម្មកំពុងតែមានដំណើរការល្អ ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ធ្វើឲ្យជីវភាពមានការរីកចម្រើន។

