ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសន្ទរកថាបិទវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»
វេទិកាពិភាក្សានេះបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន មន្ត្រីនាំពាក្យរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិ មកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់។
ក្នុងវេទិការនេះមន្ត្រីជំនាញផ្នែកព័ត៌មាន ដែលអញ្ជើញមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា ចិន វៀតណាម និងឡាវ បានរួមគ្នាបើកកិច្ចពិភាក្សាដោយផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងរសាត់អណ្តែតនៅបណ្តាញសង្គម ព្រមទាំងផ្តល់នូវវិធីសាស្ត្រសំខាន់ៗ ដើម្បីឆ្លើយតប ទប់ស្កាត់ និតបន្សាបព័ត៌មានក្លែងក្លាយនេះ ជាដើម៕

