ថវិកាធានារ៉ាប់រងសង្គមចំនួនជាង ៤០លានរៀល របស់រាជរដ្ឋាភិបាល ត្រូវបានឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្ដម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនក្រុមគ្រួសារសព អតីតយុទ្ធជន មួយគ្រួសារ នៅក្រុងស្ទឹងសែន
ខេត្តកំពង់ធំ៖ នៅល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាធានារ៉ាប់រងសង្គមចំនួន ៤០,៥៣៨,០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូន ក្រុមគ្រួសារសពលោកឧត្ដមសេនីយ៍ត្រី ហែម សំអាង អតីតយុទ្ធជន និងជាអតីតមន្ត្រីកងរាជអាវុធហត្ថខេត្ត នៅភូមិពោធិបាក់ ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្ដម នួន ផារ័ត្ន និងសហការី បានគោរពរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ត្រី ហែម សំអាង និងថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់លោកឧត្ដមសេនីយ៍ត្រី ហែម សំអាង និងបួងសួងដល់វិញ្ញាណក្ខន្ធគាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយនៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងលោក ជួន សិលាវិត បានប្រគល់ថវិកាធានារ៉ាប់រងសង្គមចំនួន ៤០,៥៣៨,០០០រៀល ជូនដល់ក្រុមគ្រួសារសព និងបានជូនពរដល់ក្រុមគ្រួសារសព សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងមានសុខភាពល្អ ហើយគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅបន្តមេីលថែរក្សាគាំទ្រក្រុមគ្រួសារសពអតីតយុទ្ធជន មិនបោះបង់ចោលឡើយ ។
លោកស្រី ជួន ចន្ថា ភរិយាសពលោកឧត្ដមសេនីយ៍ត្រី ហែម សំអាង បានបញ្ជាក់ថា៖ ស្វាមីរបស់គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅអង្គភាពវរសេនាតូចលេខ៥៥ យោធាខេត្តកំពង់ធំ នៅឆ្នាំ ១៩៨៨ ក្រោយមកត្រូវបានផ្ទេរមកបម្រើការងារ នៅកងរាជអាវុធហត្ថក្រុងស្ទឹងសែន នៅឆ្នាំ ១៩៩៨ ហេីយធ្លាក់ខ្លួនមានជំងឺ និងត្រូវបានទទួលមរណភាពនៅពេលថ្មីៗកន្លងទៅនេះ ។ លោកស្រី ជួន ចន្ថា បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជជាអគ្គលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានចាត់តាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាំយកថវិកាធានារ៉ាប់រងសង្គមមកប្រគល់ជូនក្រុមគ្រួសារគាត់នៅពេលនេះ ។

