
(កំពង់ធំ)÷ លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង បានលើកឡើងថា ចង្ក្រានសន្សំសំចៃថាមពលនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បរិស្ថាននិងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកតំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជាអធិបតីភាពក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពលជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចាស់ជរា និងងាយរងហានិភ័យនៅក្នុងភូមិទាំង១០នៃឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥។
លោកបានបន្ថែមថា ចង្ក្រាននេះពិតជាអាចរួមចំណែកយ៉ាងធំធេងក្នុងការសន្សំសំចៃថវិកាព្រោះយើងចំណាយឧសឬធ្យូងតិចតួចប៉ុន្តែយើងទទួលបានមកវិញនូវថាមពលច្រើនដែលអាចចម្អិនម្ហូបអាហារបានឆាប់ ជាពិស័យពុំមានផ្សែងដែលជាហេតុបង្ករការបំពុលបរិស្ថាននោះឡើយ។
លើសពីនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ប្រធានសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដែលបានឧបត្ថម្ភចង្ក្រានសន្សំសំចៃថាមពលសម្រាប់ចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងកន្លងមកក៏ដូចជានៅក្នុងឱកាសដ៏វិសេសវិសាលផងដែរ។
សូមបញ្ជាក់ថា ការចែកចង្ក្រាននៅក្នុងឱកាសនេះមានចំនួន៦៤៦ចង្ក្រាន សម្រាប់ប្រជាពលរដ្ឋ៦៤៦គ្រួសារយកទៅប្រើប្រាស់ផងដែរ។