
(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវយកបញ្ហានិងកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមកដាក់ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន។ លោក សាយ គឹមឡម បានអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោង សាងសង់ផ្លូវការគ្រួសក្រហម លូ និងស្លាកគម្រោង ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថាការដេញថ្លៃ និងធ្វើផ្លូវនៅក្នុងឱកាសនេះគឺត្រូវបើកឱ្យបានធំទូលាយ ជាផ្លូវដែលមានគ្រឹះក្រោម និងជើងទេរឹងមាំ ហើយស្របទៅតាមប្លង់ដែលក្រុមការងារចុះបញ្ជីលក្ខណៈដីធ្លីជាលក្ខណៈប្រព័ន្ធបានអនុម័តជូនពុកម៉ែបងប្អូនជាដីម្ចាស់កម្មសិទ្ធ និងជាដីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវដែលធំទូលាយព្រមទាំងប្រើប្រាស់បានយូរអង្វែង។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានសាទរក្រៃលែងដែលដំណើរការដេញថ្លៃនៅក្នុងឱកាសនេះបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាព ដែលមានអ្នកដេញថ្លៃបានដាក់ដេញថ្លៃចំនួនប្រាំបីក្រុមហ៊ុន ក្រោមក្រសែភ្នែកអាជ្ញាធរពាក់ព័ន្ធ មហាជន និងអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។
លើសពីនេះលោកបាន ណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ អាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់ដំណើរការសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាបាននូវបទដ្ឋានបច្ចេកទេស កិច្ចសន្យានិងគុណភាពផ្លូវ ហើយត្រូវនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានជាសម្បត្តិរួមហើយជាចំណងដៃដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
សូមបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមដែលដាក់ដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង២គីឡូម៉ែត្រ ទទឹងគ្រួសក្រហម៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លូចំនួន៥កន្លែង ស្លាកគម្រោង១ ស្ថិតនៅក្នុងភូមិ ចំនួន៥នៃឃុំពពក ដែលមានតម្លៃប៉ាន់ស្មាន២៣៤,៣៦៣,៥២៨រៀលគត់ផងដែរ។