
(កំពង់ធំ)÷ ដោយមានការចង្អុរបង្ហាញពីឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចាត់ឱ្យលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ៦២ ដើម្បីបង្កើនភាពបៃតងនៅតាមមូលដ្ឋានរៀងៗខ្លួន និងជាផ្នែកមួយជួយលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។ ការដាំដើមឈើតាមដងផ្លូវ សាលារៀន មន្ទីរពេទ្យ ទីសាធារណៈ និងវត្តអារាម គឺជាផ្នែកមួយក្នុងការបណ្ដុះគំនិតដល់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះស្រឡាញ់ព្រៃឈើ រួមគ្នាថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយការឡើងកម្ដៅក្នុងសហគមន៍ ក៏ដូចជាការជួយលើកកម្ពស់សោភ័ណភាព ក្នុងភូមិទាំងមូលឱ្យមានភាពបៃតងស្រស់ គ្រប់រដូវកាល។
ការលើកទឹកចិត្តឱ្យដាំដើមឈើនេះ នាឱកាសលោក វណ្ណៈ សោភានិត អញ្ជើញក្នុងការបន្តយុទ្ធនាការដាំកូនឈើតាមដងផ្លូវ បន្ថែមទៀតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាឃុំ រួមទាំងប្រជាពលរដ្ឋដែលបានចូលរួមដាំកូនឈើយ៉ាងសស្រាក់ស្រាំ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលស្រុក បានថ្លែងការកោតសរសើរដល់ការខិតខំអភិវឌ្ឍរបស់មូលដ្ឋានស្រុក មានដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ ទន្ទឹមនឹងនេះលោកលើកទឹកចិត្តដល់អាជ្ញាធរភូមិ/ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ៦២ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។
លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមថែរក្សា ការពារ និងអភិរក្សដើមឈើរបស់យើងឱ្យបានគង់វង្ស ព្រោះដើមឈើដែលដាំនាពេលនេះ គឺជាសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីសោភណភាព បរិស្ថានល្អសម្រាប់ស្រុកប្រាសាទបល្ល័ង្ក។