
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១.៣១៣ម៉ែត្រ ទទឹង ៦ម៉ែត្រ លូ ២កន្លែង ដែលជាផ្លូវសេដ្ឋកិច្ច តភ្ជាប់គ្នាពីភូមិម្នាវ ភូមិចំបក់ ភូមិកំរ៉ែង និងភូមិពោធិសែនស្នាយ ជាគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់គម្រោងមូលនិធិសង្កាត់ស្រយ៉ូវ ក្នុងឆ្នាំ២០២៥។ ឯកឧត្តម បន្តថា បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួច ឯកឧត្តមសន្យាជួយឧត្ថម្ភដាក់អំពូលសូឡាអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីដីវាលក្រោម ដោយបានបញ្ជាក់ថា ដីតំបន់២ និងតំបន់៣ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ ដើម្បីកុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះសម្រាប់ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់។
ឯកឧត្តម បានបន្ថែមថា ចំពោះការកំណត់ឱ្យមានតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប គឺជាការកំណត់ដ៏ត្រឹមត្រូវមួយដើម្បីរក្សាបឹងទន្លេសាបឱ្យនៅគង់វង្ស។ ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋអាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សាទុកតំបន់៣ជាតំបន់អភិរក្ស។ ហើយបច្ចុប្បន្ននេះ ដីតំបន់៣ យើងការពារបានម៉ឺងម៉ាត់ មិនមានការកាប់ទន្ទ្រានក្នុងតំបន់៣នេះទេ។